1 Peter 1

1ខ្ញុំពេត្រុស​ជា​សាវក​របស់​ព្រះ​យេស៊ូគ្រិស្ដ​ជូនចំពោះ​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ហើយ​ដែល​បាន​បែកខ្ញែក​គ្នា​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ស្រុក​ប៉ុនតុស​ស្រុក​កាឡាទី​ស្រុក​កាប៉ាដូគា​ស្រុក​អាស៊ីនិង​ស្រុក​ប៉ីធូនា 2ស្របតាមគោលបំណង​របស់​ព្រះជាម្ចាស់​ដ៏ជា​ព្រះ​វរ​បិតា​ដែល​បាន​កំណត់ទុក​គឺ​ជា​ពួក​អ្នក​ដែល​ទទួលបាន​ការញែកជាបរិសុទ្ធ​របស់​ព្រះ​វិញ្ញាណដើម្បី​ឲ្យ​ស្ដាប់បង្គាប់​ព្រះ​យេស៊ូគ្រិស្ដនិង​ទទួលបាន​ការប្រោះឈាម​របស់​ព្រះអង្គ។ ​សូមឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណនិងសេចក្ដីសុខសាន្ដ​កាន់តែ​ច្រើនឡើងៗ 3គួរសរសើរព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ដែល​បាន​បង្កើតយើងជាថ្មីស្របតាមសេចក្ដី​មេត្តា​ករុណាដ៏លើសលប់​របស់​ព្រះអង្គ​ដើម្បី​ឲ្យ​យើង​បាន​ចូល​ទៅក្នុងសេចក្ដីសង្ឃឹម​ដ៏​រស់តាមរយៈការរស់ពីការសោយទិវង្គតឡើងវិញ​របស់​ព្រះ​យេស៊ូគ្រិស្ដ 4និងដើម្បី​ឲ្យ​យើង​ទទួលបាន​កេរ្ដិ៍មរតក​ដែល​មិនពុករលួយឥតសៅហ្មងហើយមិនស្រពោនឡើយ​ជា​កេរ្ដិ៍មរតក​ដែល​ព្រះជាម្ចាស់​បម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា 5គឺអ្នករាល់គ្នា​ដែល​ព្រះជាម្ចាស់​កំពុងតែ​ថែរក្សាដោយអំណាច​របស់​ព្រះអង្គតាមរយៈជំនឿសម្រាប់សេចក្ដីសង្គ្រោះ​ដែល​បាន​រៀបចំជាស្រេច​ដើម្បី​បើកសំដែងនៅគ្រាចុងក្រោយ 6ហេតុនេះហើយ​បានជា​អ្នករាល់គ្នា​មានចិត្ដ​រីករាយ​យ៉ាងខ្លាំងទោះជាពេលនេះ​អ្នករាល់គ្នា​ត្រូវ​រង​ទុក្ខលំបាកមួយ​រយៈ​ពេល​ខ្លីដោយសារសេចក្ដីល្បួងផ្សេងៗក្ដី 7ក៏ដើម្បី​ឲ្យ​ជំនឿរបស់អ្នករាល់គ្នា​ដែល​វិសេសជាងមាស​ដែល​តែងតែ​ខូចទោះបី​បាន​សាកដោយសារភ្លើងក៏ដោយឃើញថាស្មោះត្រង់​និង​បាន​ទទួល​ការ​សរសើរសិរីរុងរឿងនិងកិត្ដិយសនៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូគ្រិស្ដយាងមក 8អ្នករាល់គ្នាមិន​បាន​ឃើញព្រះអង្គទេ​ប៉ុន្ដែ​ស្រលាញ់​ព្រះអង្គ​ហើយ​ទោះបី​ពេលនេះ​អ្នករាល់គ្នា​មិនទាន់​បាន​ឃើញព្រះអង្គ​ក៏ដោយ​ក៏​អ្នករាល់គ្នា​ជឿ​ព្រះអង្គ​ទាំង​មាន​អំណរដ៏រកថ្លែងពុំបាន​និង​អំណរ​ដ៏រុងរឿង 9ព្រោះអ្នករាល់គ្នា​ទទួលបានលទ្ឋផល​នៃ​ជំនឿរបស់អ្នករាល់គ្នា​ដែល​ជា​សេចក្ដីសង្គ្រោះ​ដល់​ព្រលឹង​របស់​អ្នករាល់គ្នា 10ចំពោះសេចក្ដីសង្គ្រោះនោះ​ពួក​អ្នកនាំព្រះបន្ទូល​ដែល​បាន​ថ្លែងអំពី​ព្រះ​គុណសម្រាប់អ្នករាល់គ្នា​បាន​ខំ​ស្វែងរកនិងស្រាវជ្រាវ 11ព្រមទាំងស្វែងយល់​ឲ្យ​បាន​ដឹង​អំពីពេលវេលាកាលៈទេសៈបែបណា​ដែល​នឹង​កើតឡើង​សម្រាប់​សេចក្ដីបន្ទាល់​ដែល​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រិស្ដ​គង់​នៅក្នុងពួកគេប្រាប់ជាមុនយ៉ាងច្បាស់អំពីការរងទុក្ខ​របស់​ព្រះ​គ្រិស្ដនិងសិរីរុងរឿង​ដែល​ត្រូវ​មក​តាមក្រោយ 12ពួកគេបាន​ទទួល​ការ​បើកសំដែង​អំពី​សេចក្ដី​ទាំងនោះ​មិន​មែន​សម្រាប់​ពួកគេទេគឺ​សម្រាប់​បម្រើអ្នករាល់គ្នាវិញ​ជា​សេចក្ដីដែល​ពួក​អ្នក​ប្រកាសដំណឹងល្អ​បាន​ប្រកាសប្រាប់អ្នករាល់គ្នា​នៅពេល​ឥឡូវនេះដោយសារ​ព្រះ​វិញ្ញាណបរិសុទ្ធ​ដែល​បាន​ចាត់មកពីស្ថានសួគ៌​ហើយ​ពួក​ទេវតា​ក៏​ប្រាថ្នាចង់ឃើញ​សេចក្ដី​ទាំងនោះ​ដែរ។ 13ដូច្នេះចូរ​ឲ្យ​អ្នករាល់គ្នា​ប្រុងប្រៀបចិត្ដគំនិត​ជាស្រេច​កុំ​ភ្លេចខ្លួនឲ្យសោះ​ចូរ​មានសង្ឃឹមទាំងស្រុងលើ​ព្រះ​គុណ​ដែល​នឹង​ប្រទាន​មក​អ្នករាល់គ្នានៅពេល​ព្រះ​យេស៊ូគ្រិស្ដលេចមក 14ចូរធ្វើ​ដូចជា​កូន​ដែល​ស្ដាប់បង្គាប់​គឺ​មិន​ត្រូវ​ធ្វើតាមសេចក្ដីប៉ងប្រាថ្នា​ដែល​អ្នករាល់គ្នាធ្លាប់​មាន​កាល​ដែល​នៅ​ល្ងង់ខ្លៅ​នោះ​ឡើយ 15ប៉ុន្ដែចូរឲ្យ​អ្នករាល់គ្នា​បានបរិសុទ្ធខាង​ឯ​ការប្រព្រឹត្ដិទាំងអស់ដូច​ព្រះអង្គ​ដែល​បាន​ត្រាស់ហៅអ្នករាល់គ្នា​ព្រះអង្គ​បរិសុទ្ធ 16ដ្បិតមាន​សេចក្ដី​ចែង​ទុក​ថា៖ ​«ចូរឲ្យ​អ្នករាល់គ្នា​បានបរិសុទ្ធព្រោះយើងបរិសុទ្ធ»។ 17បើអ្នករាល់គ្នា​ហៅព្រះអង្គ​ដែល​ជំនុំជម្រះ​ម្នាក់ៗ​ទៅតាមការប្រព្រឹត្ដិឥត​យល់​មុខ​អ្នក​ណា​ឡើយ​ថា​ព្រះ​វរ​បិតា​នោះ​ចូរ​រស់នៅដោយកោតខ្លាច​ព្រះអង្គ​ក្នុង​កាល​ដែល​អ្នករាល់គ្នា​ស្នាក់នៅ​ក្នុង​ជីវិតនេះ​ចុះ 18ទាំងដឹងថា​អ្នករាល់គ្នា​បាន​ទទួល​ការលោះ​ឲ្យ​រួច​ពីកិរិយាឥតប្រយោជន៍ដែល​បន្ដ​ពី​ដូនតារបស់អ្នករាល់គ្នា​នោះ​មិនមែន​ដោយ​របស់​ដែល​ត្រូវ​ពុករលួយ​ដូចជា​មាសប្រាក់​ឡើយ 19គឺបាន​លោះ​ដោយសារ​ឈាម​ដ៏​វិសេស​របស់​ព្រះ​គ្រិស្ដ​ដែល​ជាកូនចៀម​ដ៏​ល្អ​ឥតខ្ចោះឥត​ស្លាក​ស្នាម 20ដែលបាន​ជ្រើសរើស​តាំង​ពីមុនកំណើតពិភពលោក​មក​ម៉្លេះ​ប៉ុន្ដែ​ទើបតែ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​ឃើញនៅគ្រាចុងក្រោយ​នេះ​សម្រាប់អ្នករាល់គ្នា 21តាមរយៈព្រះអង្គ​អ្នករាល់គ្នា​ជឿលើព្រះជាម្ចាស់ដែល​បាន​ប្រោសព្រះអង្គ​ឲ្យ​រស់​ពីការសោយទិវង្គតឡើងវិញព្រមទាំងប្រទានសិរីរុងរឿង​ដល់​ព្រះអង្គដើម្បី​ឲ្យ​អ្នករាល់គ្នាមានជំនឿនិង​មាន​សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ 22អ្នករាល់គ្នាបាន​ជម្រះចិត្ដរបស់ខ្លួន​ឲ្យ​បាន​បរិសុទ្ធដោយស្ដាប់បង្គាប់​តាម​សេចក្ដីពិតដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រលាញ់​ជា​បងប្អូន​ដែល​ឥតពុតត្បុត​គឺ​ត្រូវ​ស្រលាញ់គ្នា​ទៅវិញ​ទៅមកយ៉ាងខ្លាំងដោយចិត្ដបរិសុទ្ធ​ចុះ 23ដ្បិតអ្នករាល់គ្នា​បាន​កើត​ជា​ថ្មីមិន​មែន​ពីពូជ​ដែល​ពុករលួយទេប៉ុន្ដែ​ពី​ពូជ​ដែល​មិនពុករលួយ​គឺ​ដោយសារព្រះបន្ទូលដ៏រស់និង​ដ៏​នៅស្ថិតស្ថេរ​របស់​ព្រះជាម្ចាស់ 24ដ្បិតមនុស្សទាំងអស់​ប្រៀប​ដូចជាស្មៅហើយសិរីរុងរឿងរបស់ពួកគេ​ប្រៀប​ដូចជាផ្កាស្មៅ​ដែរ។ ​ពេល​ស្មៅក្រៀមស្វិតនោះផ្កា​ស្មៅ​ក៏​រុះរោយ​ទៅ 25ប៉ុន្ដែព្រះ​បន្ទូល​របស់​ព្រះអម្ចាស់នៅស្ថិតស្ថេរអស់កល្បជានិច្ចហើយព្រះបន្ទូលនេះជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាសមកអ្នករាល់គ្នា
Copyright information for KhmKCB